asd

header ads

Hot

header ads

ពុទ្ធសាសនា​និកាយ​ថេរវាទ ឬហិនយាន

អធិប្បាយ

ពុទ្ធសាសនា​និកាយ​ថេរវាទ ឬហិនយាន (ជាភាសាបាលី: ស្ថាវិរវាទ ជាភាសាសំស្ក្រឹត: អង់គ្លេស ៖ Theravada) មានន័យប្រាកដថា ការប្រៀនប្រដៅ របស់ព្រឹទ្ធាចារ្យ ឬការប្រៀនប្រដៅជំនាន់ដើម គឺជាការសិក្សាចាស់បំផុត នៃព្រះពុទ្ធសាសនា ដែលនៅគង់វង់ដល់សព្វថ្ងៃនេះ ។ ថេរវាទបានចាប់កំណើត នៅ​ប្រទេស​ឥណ្ឌា​សម័យ​បុរាណ ដែល​រក្សាទុក​នូវ​លក្ខណៈ​ដូច​ដើម ហើយជាទូទៅ វា​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នានឹងពុទ្ធសាសនា​សម័យ​ដំបូង ។ ច្រើនសតវត្សរ៍ក្រោយ​មក ពុទ្ធសាសនា​និកាយ​ថេរវាទជាសាសនាចម្បង​នៅ​ប្រទេស​ ស្រីលង្កា (៧០ ភាគរយ នៃចំនួនប្រជាពលរដ្ឋ) និង មួយផ្នែកធំនៃអាស៊ីភាគអាគ្នេយ៍ (ប្រទេសខ្មែរ, លាវ, ភូមា, និង ថៃ) ។ ប្រពៃណីថេរវាទនេះ ក៏ត្រូវបានគេប្រតិបត្តិនៅក្នុងប្រទេសចិនផ្នែកអាគ្នេយ៍ ដោយក្រុមសម្ពន្ធ ស្ហាន (Shan) និង តៃ (Tai), នៅ​ប្រទេសវៀតណាម ដោយ​ក្រុម​ជនជាតិ​ខ្មែរក្រោម,ប្រទេសបង់ក្លាដេស (Bangladesh) ដោយក្រុមសម្ពន្ធ ពរុអាស Baruas ឆកមា Chakma និងមឃ Magh),ប្រទេសម៉ាឡេស៊ី និង ឥណ្ឌូណេស៊ី ផងដែរ ។ សព្វថ្ងៃនេះ ពុទ្ធសាសនា​និកាយ​ថេរវាទ​កំពុង​មាន​ប្រជាប្រីយភាព នៅ​ប្រទេស សិង្ហបូរី និង នៅ​​​បស្ចិមប្រទេស ។ សព្វថ្ងៃ អ្នកកាន់ពុទ្ធសាសនា​និកាយ​ថេរវាទ ជុំវិញពិភពលោកមានចំនួនជាង ១២៤ លាននាក់ ហើយក្នុងសតវត្ស៍ថ្មីនេះ ថេរវាទបានចាក់ឫសក្នុងលោក​ខាងលិច និង រីក​ដុះដាលឡើងវិញនៅក្នុងប្រទេសឥណ្ឌា ។

ប្រវត្តិ
    ប្រភពនៃការបង្រៀន

      គ្រឹះនៃការបង្រៀនព្រះពុទ្ធសាសនាថេរវាទបែកចេញមកអំពី វិភជ្ជវាទ Vibhajjavada (ទ្រឹស្តីនៃការធ្វើវិភាគ) ដែលតមកអំពីស្ថាវិរៈ (ឬការប្រៀនប្រដៅរបស់ព្រឹទ្ធាចារ្យ) ក្នុងជំនាន់ពេលធ្វើសង្គាយនាលើកទី៣ ព.ស២៩៤ ក្នុងរជ្ជកាលមហាអធិរាជអសោក នៃប្រទេសឥណ្ឌា។ វិភជ្ជវាទិន (អ្នកកាន់វិភជ្ជវាទ) សំគាល់ខ្លួនថាជាអ្នកបន្តប្រពៃណីស្ថាវិរៈ ហើយបន្ទាប់ពីសង្គាយនាលើកទី៣មក ក៏នៅតែបន្តហៅការរៀនសូត្រ ថាជាស្ថាវិរថេរៈ (ព្រឹទ្ធាចារ្យ) ។ ទ្រឹស្តីរបស់វិភជ្ជវាទិន ប្រហែលគ្នានឹងស្ថាវិរៈជំនាន់ចាស់ដែរ ប៉ុន្តែមិនដូចគ្នាទាំង ស្រុងទេ ។ ក្រោយពេលធ្វើសង្គាយនាលើកទី៣មក ដោយមកមានពីទីតាំងឆ្ងាយ ៗ ពីគ្នា ជាហេតុបណ្តាលឲ្យវិភជ្ជវាទិន អភិវឌ្ឍន៍បន្តិចម្តងៗជា៤ពួកៈ មហីសាសកៈ១ Mahisasaka កាស្យបីយៈ១ Kasyapiya ធម្មគុប្តកៈ១ Dharmakuptaka និងតាម្របនីយៈ១ Tamraparniya ។ ថេរវាទចុះមកអំពីតាម្របនីយៈ ដែលមានន័យថា ពូជពង្សជនជាតិស្រីលង្កា ។ ប្រភពខ្លះអះអាងថា មានតែថេរវាទទេដែលអភិវឌ្ឍន៍មកពីវិភជ្ជវាទិនផ្ទាល់ ។ តាមរយៈអ្នកស្រាវជ្រាវព្រះពុទ្ធសាសនា អា.កា វរដេរ A.K. Warder ថេរវាទរីកដុះដាលទៅខាងត្បូងទាំងពីអវន្តិ (Avanti) ទៅក្នុងមហារស្រ្ត (Maharastra) និងអន្ធរៈ (Andhra) ដល់ចូឡាប្រទេសកន្ចិ (Kanchi) ហើយនិងសីឡន (Ceylon)។ គេបានរក្សា ទីកន្លែងនៅអវន្តិហើយ និងទឹកដីថ្មីរបស់គេមួយរយៈពេល ប៉ុន្តែគេប្រមូលគ្នាបន្តិចម្តងៗ នៅតំបន់ខាងត្បូង គឺ មហាវិហារ ក្នុងអនុរទ្ធបុរៈធានីរបស់ប្រទេសសីឡន ដែលក្លាយទៅជាមជ្ឈមណ្ឌលសំខាន់ នៃប្រពៃណីរបស់គេ អវន្តិជាមណ្ឌលទី២ ហើយតំបន់ខាងជើង ត្រូវបោះបង់ចោល ទៅឲ្យក្រុមសិក្សាដទៃទៀត ។ មានពត៌មានតិចតួចណាស់ ដែលប្រាប់អំពីព្រះពុទ្ធសាសនាថេរវាទក្នុងប្រទេសឥណ្ឌា ក្នុងប្រវត្តិសាស្រ្តក្រោយ ហើយគេមិនដឹងថាថេរវាទត្រូវបាត់បង់ពីប្រទេសដើម តាំងពីពេលណាមកទេ ។

      ឈ្មោះតាម្របនីយៈបានដាក់ឲ្យពូជពង្សស្រីលង្កានៅឥណ្ឌា ប៉ុន្តែគ្មានសញ្ញាណាមួយ បង្ហាញថាមានការផ្លាស់ប្តូរទ្រឹស្តី ឬគម្ពីរដីកាអំពីវិភជ្ជវាទិនទេ ដោយហេតុថា ឈ្មោះគ្រាន់តែចង្អុលប្រាប់ ទីកន្លែងតែប៉ុណ្ណោះ។ ដោយយោងទៅតាមប្រភពដើម នៃថេរវាទរបស់គេ គេរំលឹកថា គេបានទទួលការបង្រៀន ដែលត្រូវបានគេយល់ព្រម នៅពេលប្រជុំសង្គាយនាលើកទី៣ ហើយគេស្គាល់ការបង្រៀននេះថាជាវិភជ្ជវាទ ។ នៅសតវត្សរ៍ទី៧ អ្នកធ្វើដំណើរសាសនាជនជាតិចិន (Xuanzang) និង (Yijing) នៅក្នុងស្រីលង្កា គេស្គាល់ថាជាពួកស្ថាវិរៈ ។នៅក្នុងឥណ្ឌាជំនាន់ចាស់ អ្នកសិក្សា ដែលប្រើភាសាសំស្រ្កឹតសម្រាប់សាសនា គេហៅថាស្ថាវិរៈ ប៉ុន្តែអ្នកដែលប្រើភាសាបាលីវិញ គេហៅថាថេរៈ ។

      ស្ថាវិរៈនិងថេរៈមានន័យដូចគ្នាថា ព្រឹទ្ធាចារ្យ។ គេបានប្រើពាក្យថេរវាទក្នុងការសរសេរ សម្រាប់ការហាត់រៀនរបស់គេ តាំងពីសតវត្សរ៍ទី៤ នៅពេលដែលពាក្យនេះ ឃើញមាននៅក្នុងគម្ពីរទិបវង្ស ។ តាមប្រវត្តិសាស្រ្តមួយផ្នែកធំ នៃព្រះពុទ្ធសាសនានៅស្រីលង្កា ថេរវាទក្នុងស្រីលង្កាចែកជាចំណែក៣គឺ ពួកភិក្ខុនៃមហាវិហារ, អភយគីរីវិហារ និងជេតវនវិហារ ។ តាមពាក្យរបស់លោកអា.កា វរដេរ A.K Warder ថា និកាយពីឥណ្ឌា មហីសាសកៈ ក៏បានតាំងឡើងនៅស្រី លង្កាទន្ទឹមគ្នានឹងថេរវាទដែរ ហើយក៏រលាយចូលជាមួយថេរវាទទៅ ។ ភូមិភាគខាងជើងនៃស្រីលង្កា ហាក់ដូចជាមានការទាក់ទង ជាមួយនឹងនិកាយផ្សេងៗ ពីឥណ្ឌា ក្នុងពេលខ្លះដែរ ។ នៅពេលដែលព្រះសង្ឃចិន (Faxian) បានធ្វើទស្សនកិច្ចនៅកោះនេះក្នុងដើមសតវត្សរ៍ទី៥ ព្រះអង្គកត់សំគាល់ថាមានភិក្ខុ៥,០០០អង្គ នៅអភយគីរី ភិក្ខុ៣,០០០អង្គនៅមហាវិហារ ហើយនិងភិក្ខុ២,០០០អង្គនៅចេតយបព្វតវិហារ ។ អស់ជាច្រើនសតវត្សរ៍ ថេរវាទិននៃអភយគីរី បានរក្សាមិត្តភាពជិតស្និតជាមួយនឹងអ្នកកាន់ព្រះពុទ្ធសាសនានៅឥណ្ឌា ថែមទាំងទទួលយកការបង្រៀនថ្មីជាច្រើនពីឥណ្ឌា ទៀតផង ដែលមានផ្នែកជាច្រើននៃនិកាយមហាយាន ។ចំណែកឯថេរវាទិននៃជេតវនៈក៏បានទទួលយកចំណែកនៃមហាយានដែរ ប៉ុន្តែមានចំនួនតិចជាង ។ Xuanzang បានសរសេរថា មានផ្នែកធំ២នៃថេរវាទនៅក្នុងស្រីលង្កា ថាប្រពៃណីអភយគីរីជាមហាយានស្ថាវិរៈ ហើយប្រពៃណីមហាវិហារជាហីនយានស្ថាវិរៈ ។ Akira Hirakawa សរសេរថា សេចក្តីបរិយាយ ពន្យល់ អដ្ឋកថា នៃនិកាយមហាវិហារ នៅពេលដែលបានពិនិត្យមើលដោយច្បាស់ ឃើញថាមានបញ្ចូលគោលជំហរមួយចំនួន ដែលស្របគ្នានឹងការបង្រៀនផ្នែកមហាយានដែរ ។ ក្នុងសតវត្សរ៍ទី៨ គេដឹងថាមហាយាន និងព្រះពុទ្ធសាសនាប្រចាំ ក្រុមឯកជន (មិនសម្រាប់សាធារណជនទូទៅទេ) ទាំងពីរនេះត្រូវបានគេបតិបត្តិនៅក្នុងស្រីលង្កា ។ ព្រះសង្ឃឥណ្ឌា២អង្គគឺ វជ្រពោធិ (Vajrabodhi) និងអមោឃវជ្រៈ (Amoghavajra) ដែលជាអ្នកបានផ្សាយ ព្រះពុទ្ធសាសនាប្រចាំក្រុមឯកជននេះ នៅប្រទេសចិន បានចូលមកកាន់កោះស្រីលង្កានៅពេលនេះដែរ ។ អ្នកសិក្សាស្រាវជ្រាវមួយចំនួន បានអះអាងថា អ្នកគ្រប់គ្រងស្រីលង្កាលើកតំកើងប្រពៃណីសាសនា ដើម្បីធ្វើឲ្យជាក់ច្បាស់ថាថេរវាទ នៅតែជាទំនៀមប្រពៃណី និងឲ្យមានលក្ខណៈផ្សេងគ្នាពីព្រះពុទ្ធសាសនាឥណ្ឌា ។ ប៉ុន្តែមុនសតវត្សរ៍ទី១២ អ្នកគ្រប់គ្រងស្រីលង្កាផ្សេងទៀត ឧបត្ថម្ភគាំទ្រដល់ថេរវាទិននៃអភយគីរី ហើយអ្នកដំណើរសាសនាដូចជា Faxian កត់សំគាល់ថាថេរវាទិននៃអភយគីរី ជាប្រពៃណីសំខាន់ជាងគេ ។ ការផ្លាស់ប្តូរបានកើត ឡើងក្នុងសតវត្សរ៍ទី១២ នៅពេលដែលមហាវិហារទទួលការគាំទ្រអំពីព្រះ រាជា បរក្កមពាហុ Parakkamabahu (1153-1186 CE) ពេលនោះប្រពៃណីអភយគីរី និងជេតវនៈត្រូវបានហាមឃាត់ក្នុងស្រីលង្កា ។ ភិក្ខុថេរវាទនៃប្រពៃណីទាំង២នេះ ត្រូវសម្រេចចិត្តសឹកពីភាពបុព្វជិត ឬរកការបួសជាថ្មីក្នុងប្រពៃណីមហាវិហារ ។ ចំពោះវិវាទរវាងថេរវាទិន គម្ពីរចូឡវង្ស (កត់ត្រាប្រវត្តិរបស់ស្តេច) សម្តែងការសោកស្តាយថាៈ “ ពិតមែនតែមានការប្រឹងប្រែង គ្រប់មធ្យោបាយ អំពីព្រះរាជាជំនាន់មុនរហូតដល់សព្វថ្ងៃនេះ ពួកភិក្ខុប្រកាន់អាកប្បកិរិយាបែកបាក់ចេញពីគ្នា ហើយបង្កើតជំលោះទាស់ទែងគ្នាគ្រប់យ៉ាង ។” មុននឹងព្រះពុទ្ធសាសនាថេរវាទរួបរួមគ្នាក្នុងស្រីលង្កា តំបន់នៃប្រទេស ថៃ ភូមា លាវ និងខ្មែរ ទទួលការដុះដាលដោយ និកាយព្រះពុទ្ធសាសនាផ្សេងៗ ពីឥណ្ឌា រួមទាំង ព្រះពុទ្ធសាសនាមហាយានផង ។ ក្នុងសតវត្សរ៍ទី៧ យីជិង Yijing បានកត់ក្នុងដំណើររបស់គាត់ថា ក្នុងតំបន់ទាំងនេះ និកាយព្រះពុទ្ធសាសនាធំៗពីឥណ្ឌា មានការរីកចម្រើន ។ ពិតមែនតែមានការបកស្រាយពីមុនមកថា ជាថេរវាទក្នុង ប្រទេសភូមា ឯកសារដែលសេសសល់បានបង្ហាញថា ព្រះពុទ្ធសាសនាភូមាភាគច្រើន រួមបញ្ចូលមហាយានដែរហើយប្រើសំស្រ្កឹតជាងបាលី ។ បន្ទាប់ពីការធ្លាក់ចុះអន់ថយនៃព្រះពុទ្ធសាសនាក្នុង ឥណ្ឌា សមណទូតពីស្រីលង្កា បានកែប្រែបន្តិចម្តងៗព្រះពុទ្ធសាសនាភូមា ទៅជាថេរវាទហើយ២សតវត្សរ៍បន្ទាប់មក ព្រះពុទ្ធសាសនាថេរវាទក៏ត្រូវបាននាំចូល ទៅក្នុងតំបន់ប្រទេសថៃ លាវ និងខ្មែរ ដែលប្តូរជំនួសបែបព្រះពុទ្ធសាសនាពីពេលមុន ។

    ប្រវត្តិនៃប្រពៃណីសាសនា

      តាមប្រពៃណីរបស់សិន្ហលី Sinhalese នៃស្រីលង្កា ព្រះពុទ្ធសាសនាបាននាំចូលមកស្រីលង្កាដោយ មហិន្ទ Mahinda ដែលគេជឿថាជាព្រះរាជបុត្ររបស់ ព្រះអធិរាជអាសោក នៃមឧរ្យៈ Maurya (ឥណ្ឌាសម័យបុព្វកាល) ក្នុងសតវត្សរ៍ទី៣មុនគ្រឹស្តសករាជ ជាចំណែកមួយនៃសកម្មភាព របស់សមណទូត ក្នុងជំនាន់អាសោកសម័យ ។ ក្នុងស្រីលង្កា ព្រះមហិន្ទ បានបង្កើតអារាមមហាវិហារនៃអនុរធបុរៈ ។ ក្រោយមកអារាមមហាវិហារ ក៏បានបែកជា៣ក្រុម ដែលគេស្គាល់តាមទីតាំងមណ្ឌល ជាមហាវិហារ១ អភយគីរីវិហារ១ និងជេតវនវិហារ១ ។ ក្នុងគ.ស១,១៦៤ ដោយមានការណែនាំពីថេរៈ២អង្គ ពីសាខាព្រៃ (ប្រហែលជាមានទីតាំងក្នុងព្រៃ) នៃមហាវិហារ, ស្តេចស្រីលង្កាបានបង្រួបបង្រួម ភិក្ខុទាំងអស់ក្នុងស្រីលង្កា ឲ្យចូលទៅក្នុងការហាត់រៀនក្នុងមហាវិហារ ត្រឹមត្រូវតាមប្រពៃណីវិញ ។​ បីបួនឆ្នាំក្រោយបន្ទាប់ ពីការមកដល់នៃស្ថាវិរៈ មហិន្ទៈ, សង្ឃមិត្តដែលគេជឿថាជាបុត្រីរបស់អធិរាជអាសោក បានមកកាន់ស្រីលង្កា ។ ព្រះនាងសង្ឃមិត្តបានបង្កើតឲ្យមាន ក្រុមភិក្ខុនីជាលើកដំបូង ក្នុងស្រីលង្កា ប៉ុន្តែក្រុមភិក្ខុនី ត្រូវសាបសូន្យទៅវិញ ក្នុងសតវត្សរ៍ទី១១នៅស្រីលង្កា និងសតវត្សរ៍ទី១៣នៅក្នុងភូមា ។ នៅគ្រឹស្តសករាជ៤២៩ តាមសេចក្តីសុំពីអធិរាជប្រទេសចិន ភិក្ខុនីជាច្រើនពីអនុរធបុរៈ បានបញ្ជូនឲ្យទៅកាន់ប្រទេសចិន ដើម្បីបង្កើតក្រុមភិក្ខុនីនៅទីនោះ ។ វិន័យភិក្ខុនីបានរីកចម្រើនទៅដល់ប្រទេសកូរេ ។ ក្នុងឆ្នាំ១,៩៩៦ ភិក្ខុនី១១រូបបានត្រូវជ្រើសរើសពីស្រីលង្កា ហើយបំបួសជាភិក្ខុនី ពេញលក្ខណៈដោយ ក្រុមភិក្ខុថេរវាទ រួមជាមួយនឹងភិក្ខុនីពីកូរេ នៅក្នុងប្រទេសឥណ្ឌា ។ មានការមិនយល់ស្របក្នុងចំណោម អ្នកគ្រប់គ្រងវិន័យថេរវាទ ថាតើការបំបួសបែបនេះមិនត្រឹមត្រូវ ។ ក្នុង២ឬ៣ឆ្នាំកន្លងមក អ្នកដឹកនាំគណៈទម្ពុល្លៈ Dambulla (ខេត្តមួយក្នុងភូមិភាគកណ្តាលនៃស្រីលង្កា) បានធ្វើពិធីបំបួសដល់ភិក្ខុនីជាច្រើនរយអង្គ ។ ព្រឹត្តិការណ៍នេះបានត្រូវអ្នកដឹកនាំឯទៀត ក្នុងនិកាយសៀម Siam Nikaya និងអមរបុរៈនិ កាយ Amarapura Nikaya ពោលនិន្ទា ហើយនិងគណៈដឹកនាំព្រះពុទ្ធសាសនាភូមា បានប្រកាសថាការបំបួសភិក្ខុនីក្នុងសម័យថ្មី មិនត្រឹមត្រូវឡើយ ពិតមែនតែមានភិក្ខុភូ មាខ្លះមិនយល់ស្រប ។

      តាមគម្ពីរមហាវង្សនៃស្រីលង្កា បន្ទាប់អំពីសង្គាយនាលើកទី៣បានចប់សព្វគ្រប់ ព្រះសង្ឃ២អង្គគឺសោណៈ និងឧត្តរៈ បានត្រូវបញ្ជូនឲ្យទៅធ្វើ បេសកកម្មផ្សាយសាសនានៅសុវណ្ណភូមិ Suvannabhumi ។ អ្នកសិក្សាស្រាវជ្រាវមានយោបល់ផ្សេងៗគ្នា ចំពោះទីកន្លែងពិតប្រាកដនៃសុវណ្ណភូមិ ប៉ុន្តែគេជឿថាសុវណ្ណភូមិ ស្ថិតនៅកន្លែងណាមួយ ក្នុងប្រទេសភូមាខាងក្រោម តំបន់ដីសន្តរ South-East Asia កោះសុមត្រា ។

      មន Mon និងព្យូ Pyu ជាអ្នកស្រុកនៅក្នុងចំណោមជនជាតដើម ដែលរស់នៅក្នុងភូមាមុនគេ ។ តាមការស្រាវជ្រាវថ្មីៗផ្នែកបុរាណវត្ថុវិទ្យា នៅកន្លែងតាំងលំនៅដ្ឋានមួយរបស់ជនជាតិព្យូ ក្នុងជ្រលងភ្នំ សាមោន (ប្រហែល១រយគីឡូមែត្រខាងទិសនិរតីនៃ Bagan) បានបង្ហាញថាពួកគេមានការទាក់ទងពានិជ្ជកម្ម ជាមួយឥណ្ឌាតាំងពី៥រយ ទៅ៤រយឆ្នាំមុនគ្រឹស្តសករាជ ជាមួយនឹងប្រទេសចិនតាំងពី២រយឆ្នាំ មុនគ្រឹស្តសករាជ ។ ប្រភពឯកសារចិនពីគ្រឹស្តសករាជ២៤០ បានឲ្យដឹងថាមានរាជាណាចក្រកាន់ព្រះពុទ្ធ សាសនាមួយ ហៅថាលិន-យាង Lin Yang ដែលពួកអ្នកសិក្សាខ្លះ បានស្គាល់ថារាជាណាចក្រ បេកថាណូ Beikthano របស់ជនជាតិព្យូ ៣០០គ.មខាងជើងយ៉ង់គន Yangon​ ។ ជនជាតិភូមាក៏ក្លាយបន្តិចម្តងៗទៅជាថេរវាទិន នៅពេលជួបនឹងអារ្យធម៌របស់មន និងព្យូមក ។ ជនជាតិថៃក៏ទៅជា អ្នកកាន់និកាយថេរវាទដែរ បន្តិចម្តងៗបន្ទាប់ពីបានជួបនឹងអារ្យធម៌មន ។ ពិតមែនតែមានជោគជ័យនៅក្នុងអាស៊ីផ្នែកអគ្នេយ៍ ព្រះពុទ្ធ សាសនាថេរវាទក្នុងប្រទេសចិន ស្ថិតនៅតែក្នុងតំបន់ជាប់ព្រំដែន នឹងប្រទេសថេរវាទតែប៉ុណ្ណោះ ។

ទ្រឹស្តី​គោល នៃ​ពុទ្ធសាសនា​និកាយ​ថេរវាទ

ទ្រឹស្តី​សំខាន់បំផុត​នៃ​ពុទ្ធសាសនា​និកាយ​ថេរវាទ គឺ ទស្សនវិជ្ជា ​នៃ​ការ​​វិភាគ ឥតឈប់ឈរ នៃដំណើរជីវិត ពោល​គឺ​មិន​មែន​ជា​ការ​គោរព​ត្រឹម​តែ​​ច្បាប់សីលធម៌ ឬ ពិធីបុណ្យ​ខាង​សាសនា​នោះ​ទេ ។ ទ្រឹស្តីចម្បង​បំផុត នៃពុទ្ធសាសនា​និកាយ​ថេរវាទ គឺ​ អរិយសច្ចៈ​ ៤ (ចតុរារិយសច្ច) ។ អរិយសច្ច គឺ​ ការពិត​ដ៏​ប្រពៃ​បំផុត ​ឥត​ក្លែង​បន្លំ​កើត ពោល​គឺ ទុក្ខ, ទុក្ខសមុទយ, ទុក្ខនិរោធ, និង ទុក្ខនិរោធគាមិនីបដិបទា ។ បើ​និយាយ​តាម​ភាសា​សាមញ្ញ អរិយសច្ចៈ ៤ គឺ ការ​ស្គាល់​​​បញ្ហា, ការ​រក​​មូល​ហេតុ​នៃ​បញ្ហា, ការ​ដឹង​ថា​បញ្ហា​អាច​ដោះ​ស្រាយ​បាន, និង ការ​រក​​​វិធី​ដោះស្រាយបញ្ហា និង ការ​អនុវត្តន៍​​តាម​វិធី​នោះ(ប្រតិបត្តិ)​ ដោយ​ខ្លួន​ឯង​ លុះ​ត្រា​តែ​​ដោះ​ស្រាយ​បញ្ហា​រួច ។ ចំណុច​សំខាន់​បំផុត​នៃ​ពុទ្ធសាសនា​និកាយ​ថេរវាទ គឺ ​ម្ចាស់​បញ្ហា ​ជា​ អ្នក​ដោះ​ស្រាយ​បញ្ហា ដោយ​ខ្លួន​ឯង ពោល​គឺ ​មិន​ទំលាក់​កំហុស​​ឲ្យ​អ្នក​ដទៃ​ដោះ​ស្រាយ ឬ​ ពឹង​អាទិទេព (God) ឬ ព្រះ​ពោធិសត្វ ណា​មួយ ឲ្យ​​ជួយ​ដោះស្រាយទេ ។ ដូច​ជា​ពុទ្ធភាសិត​ នៅ​ក្នុង​ គាថា​ធម្មបទ ថា "អត្តា ហិ អត្តនោ នាថោ កោ ហិ នាថោ បរោ សិយា ។ អត្តនា ហិ សុទន្តេនា នាថំ លភតិ ទុល្លភំ" "ខ្លួន​ជា​ទីពឹង​របស់​ខ្លួន អ្នក​ដទៃ​ជា​ទីពឹង​ដូច​ម្តេច​បាន ព្រោះ​បុគ្គល​អ្នក​មាន​ខ្លួន​ហ្វឹកហ្វឺន​ល្អ​ហើយ រមែង​បាន​នូវ​ទីពឹង ដែល​គេ​បាន​ដោយ​កម្រ" ។


ពុទ្ធប្រវត្តិ

ពុទ្ធសាសនា​និកាយមហាយាន

ព្រះពុទ្ធសាសនា


Post a Comment

0 Comments