asd

header ads

Hot

header ads

ពុទ្ធសាសនា​និកាយមហាយាន

អធិប្បាយ

ពុទ្ធសាសនា​និកាយមហាយាន (ប្រែថា"យានធំ ឬសំពៅធំ" គឺជាទស្សនវិជ្ជា​​ពុទ្ធសាសនា ដែល​ត្រូវ​បាន​បង្កើត​ឡើង​នា​សម័យកាល​ក្រោយ​ព្រះ​ពុទ្ធ​សមណគោតម​​បាន​បរិនិព្វាន​ ហើយ​ត្រូវ​បាន​ផ្សព្វផ្សាយ​​ទៅ​ប្រទេស​មួយ​ចំនួន​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​ឥណ្ឌា ។ ទស្សនវិជ្ជា​របស់​ពុទ្ធសាសនា​និកាយ​មហាយាន​ មាន​លក្ខណៈ​ខុស​ប្លែក​ពី​ទស្សនវិជ្ជា​របស់​ពុទ្ធសាសនា​និកាយ​ថេរវាទ​យ៉ាង​ច្រើន​អន្លើ ក៏​ប៉ុន្តែ​​គេ​​ឃើញ​មាន​​សេចក្តី​ជំនឿ​រួម​គ្នា​មួយ​ចំនួន​​ ដែល​​ពុទ្ធសាសនិកជន​នៃ​លទ្ធិ​ទាំងពីរ​អាច​យក​មក​ជជែក​គ្នា​បាន ។ គោលការណ៍​សាមញ្ញ​នៃ​ពុទ្ធសាសនា​និកាយ​មហាយាន គឺ​ទាក់​ទង​​នឹង​​កម្រិត​​នៃ​​ការ​​យល់​​ពី​​ហេតុផល​ និង​ ការ​ប្រតិបត្តិ​​ ដូច​ជា​ពោធិសត្វ​យាន ឬ យាន​ជំនិះ​​​នៃ​ព្រះ​ពោធិសត្វ ។ ពុទ្ធសាសនា​​មហាយាន មាន​​ទស្សនៈ​​របស់​​និកាយ​​វជរយាន (Vajrayana) ឬ​​ យាន​ពេជ្រ​​​ដែល​​គ្រប់​​ដណ្តប់​​ទាំង​​ស្រុង​​ ហើយ​​បាន​​បែក​​ជា​​និកាយ​ផ្សេងៗ​ទៀត​តាម​តំបន់​ និង ​ប្រជាជន​ដែល​កាន់​សាសនា​មហាយាន ។

ពាក្យ​ថា ​មហាយាន​ បាន​ចាប់​កំណើត​ឡើង​នៅ​ក្រោយ​​​ទំនាស់​​រវាង​ក្រុម​ភិក្ខុ​​​ជា​សាវ័ក​របស់​ព្រះ​ពុទ្ធ​​ ដែល​មាន​ការ​បកស្រាយ​ ​ជជែក​វែកញែក​​ខុសគ្នា​ ទៅ​លើ​​ធម្មវិន័យ​​របស់​ព្រះពុទ្ធ​សមណគោតម ​ដោយ​ចោទ​សួរ​ថា​ តើ​អ្វី​គឺ​ជា​ពុទ្ធវចនៈ​ពិត​? អ្វី​មិន​មែន​ជា​ពុទ្ធវចនៈ​ពិត ? អ្វី​ជា​វិន័យ​ ឬ បញ្ញត្តិ ពិត ? អ្វី​មិន​មែន​ជា​វិន័យ ឬ បញ្ញត្តិ​ពិត ? ពុទ្ធសាសនិកជន​​នៃ​ពុទ្ធសាសនា​​​និកាយ​មហាយាន​ក៏​​បាន​អះអាង​​ដែរ​ថា ទស្សនវិជ្ជា​នៃ​ពុទ្ធ​សាសនា​និកាយ​មហាយាន គឺ​ជា​សេចក្តី​បង្រៀន​ពិត​ ដែល​​​ព្រះ​សម្មាសម្ពុទ្ធ​​​បាន​សំដែង​ទុក ។ មាន​​​ភស្តុតាង​មួយ​ចំនួន​បាន​​បង្ហាញ​​ថា ទស្សនវិជ្ជា​នៃ​ពុទ្ធសាសនា​និកាយ​មហាយាន​ មាន​ប្រភព​​​ចេញ​ពី​ភូមិ​ភាគ​ទក្សិណ ​នៃ​ប្រទេស​ឥណ្ឌា​ នា​សតវត្សទី ១ នៃ​គ្រិស្តសករាជ ហើយ​បាន​ផ្សព្វផ្សាយ​ដំបូង​ទៅ​ប្រទេស​ចិន​ដោយ​កុសាន លោក​ក្សេម (ភាសាចិនៈ 支谶, Zhi Chen, ឈ្មោះពេញថា 支樓迦讖 var. 支婁迦讖 Zhi Loujiachen, ចាប់ពី​​ឆ្នាំ​​ ១៦៤ ទៅ​ឆ្នាំ​ ១៨៦ នៃ​គ្រិស្តសករាជ) ដែល​គាត់​ជា​​​មនុស្ស​ទី​ ១ ដែល​បាន​​​បក​​ប្រែ​ព្រះ​សូត្រ​របស់​ពុទ្ធសាសនា​និកាយ​​មហាយាន ឲ្យ​ទៅ​​ជា​ភាសាចិន ។ ការ​ពណ៌នា​លើក​ដំបូង​បង្អស់​នៃមហាយាន បាន​កើត​ឡើង​ក្នុង​ ឧទុម្ពរិកសូត្រ​ ចន្លោះ​សតវត្សទី ១ មុន​គ្រិស្តសករាជ និង សតវត្សទី ១ នៃ គ្រិស្តសករាជ ។ ពុទ្ធ​សាសនា​មហាយាន​ដំបូង​បំផុត​ប្រហែល​ជា​មាន​ដើម​កំណើត​រវាង​គ្រិស្តសតវត្សទី ១ ក្នុង​ឧបទ្វីបឥណ្ឌា ។ នៅ​​គ្រិស្តសតវត្ស​ទី ៥ ​ពុទ្ធសាសនា​និកាយមហាយាន​បាន​មាន​ឥទ្ធិពល​តាម​​សាលារៀន​​មួយ​ចំនួន​នៅ​ប្រទេស​ឥណ្ឌា ។

ឯកសារ​ប្រវត្តិ​សាស្ត្រ​ជា​ច្រើន​បាន​បង្ហាញ​ថា ពុទ្ធសាសនាមហាយានបាន​រីក​សាយ​ភាយ​នៅ​បណ្តា​ប្រទេស​​អាស៊ី​​មួយ​ចំនួន​ដូច​ជា ប្រទេស​​ នេប៉ាល, ទីបេ (សព្វថ្ងៃ​ស្ថិត​នៅ​ក្នុង​ប្រទេស​ចិន), ភូតាន, ចិន, ម៉ុងហ្គោល, សាធារណៈ​រដ្ឋ​កាល់​មីគា (នៃ​សហព័ន្ធ​រុស្ស៊ី), តៃវ៉ាន់, ជប៉ុន, កូរ៉េ និង វៀតណាម ។ កាល​ពី​អតីតកាល ប្រជាជន​នៃ​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អាស៊ី​ភាគ​ខាង​ត្បូង​ដូច​ជា អាប់ហ្គានីស្ថាន, ប៉ាគីស្ថាន, ប្រទេស​កម្ពុជា, នេប៉ាល, ភូតាន, ស្រី​លង្ការ និង បង់ក្លាដែស ព្រម​ទាំង​ប្រទេស​នៅ​តំបន់​អាស៊ី​ភាគ​អគ្នេយ៍ ដូច​ជា​ ខ្មែរ, ថៃ, ឡាវ, ភូមា (សព្វ​ថ្ងៃ​ហៅ​ថា មីយ៉ាន់ម៉ា), ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ធ្លាប់​ជឿ​តាម​ទស្សន​វិជ្ជា​ នៃ​ពុទ្ធសាសនា​​​និកាយ​មហាយាន​ ។ សព្វ​ថ្ងៃ​​ នៅ​ក្នុង​បណ្តា​ប្រទេស​ទាំង​នោះ​​ ក៏​នៅ​មាន​ពុទ្ធសាសនិកជន​ នៃ​ពុទ្ធសាសនា​និកាយ​មហាយាន​​មួយ​ចំនួន​ផង​ដែរ ។ សូម្បី​តែ​នៅ​ក្នុង​វត្ត​អារាម​​នៃ​ពុទ្ធសាសនា​និកាយ​ថេរវាទ​មួយ​ចំនួន​នៅ​ប្រទេស​ថៃ​បច្ចុប្បន្ន ក៏​មាន​ការ​សាងសង់​រូប​សំណាក​ផ្សេងៗ​​​​ សម្រាប់​ពុទ្ធសាសនិកជន​​ ដែល​គោរព​ជឿ​តាម​ទស្សនវិជ្ជា​នៃ​ពុទ្ធសាសនា​មហាយាន ចូល​​មក​គោរព និង បូជា​ផង​ដែរ ។ ការ​ធ្វើ​ដូច្នោះ​​ប្រហែល​​ជា​វិធី​ទាក់ទាញ​រក​អតិថិជន​ឲ្យ​បាន​ចំនួន​​ច្រើន ដោយ​ជួយ​សម្រួល​ពួក​គាត់​កុំ​ឲ្យ​ពិបាក​បើក​បរ​ទៅ​រក​ទីវត្ត​ (មហាយាន) ផ្សេង​ៗ​ទៀត​​ដែល​នៅ​​ទីកន្លែង​ឆ្ងាយ​ៗ ។ យើង​​​អាច​ប្រដូច​ចំណុច​នេះ​​​ ​ទៅ​នឹង​ពាក្យ​ថា "មជ្ឈមណ្ឌល​លក់​ដូរ​​ងាយ​រក​​​ទំនិញ​គ្រប់ប្រភេទ" (one-stop shopping center) ។

លទ្ធិ​វជ្រយាន (Vajrayana)​ ​​​គ្រប់​ដណ្តប់​លើ​ធម៌វិន័យ​​របស់​ ១៨ និកាយធំៗ ក្នុង​អតីតកាល ។ គម្ពីរ (ឬ​សូត្រ) ​របស់​ពុទ្ធសាសនា​និកាយ​​សំខាន់ៗ​មួយ​ចំនួន​ ត្រូវ​បាន​គេ​​ចងក្រង​ជា​ភាសា​សំស្រ្កឹត ដែល​មិន​បាន​​រស់​រាន​​យូរ​លង់ ​ហើយ​​បាន​​បាត់​បង់​​ទៅ​វិញ​​យ៉ាង​​ឆាប់​រហ័ស ។ មាន​​កំណែ​ប្រែ​​ក្រោយៗ​មក​​ត្រូវ​​បាន​​គេ​​ប្រែ​​ជា​​ភាសា​ទីបេ និង ភាសា​ចិន ​ដែល​បាន​បន្ត​រហូត​ដល់​សព្វ​ថ្ងៃ​នេះ ។ ពុទ្ធសាសនិកជន​នៃ​និកាយធំៗ​របស់​ពុទ្ធសាសនា​និកាយ​មហាយាន ​គោរព​ប្រតិបត្តិ​​តាម​ទស្សនវិជ្ជា​​ ហ្សិន (Zen) បែប​ជប៉ុន, ទស្សនវិជ្ជា​ ចាន់ បែប​ចិន (Chinese Chan), លទ្ធិ​​ដែនដី​​បរិសុទ្ធិ (Pure Land), លទ្ធិ​ធានថៃចុង (Tiantai zong) ដែល​ជឿ​លើ​គម្ពីរ​បទុមសូត្រ (Lotus Sutra)​ ឬ បក្ស​ផ្កា​ឈូក (The Lotus School), លទ្ធិ​និឈិរ៉ិន (Nichiren) បែប​ជប៉ុន, លទ្ធិ​វជ្រយាន (Vajrayana) នៃ​និកាយ​ស្ហ៊ិនហ្គុន (Shingon), លទ្ធិ​ថិនដាយ (Tendai) និង ពុទ្ធសាសនា​បែប​ទីបេ (Tibetan Buddhism) ដែល​​បន្ថែម​សេចក្តី​បង្រៀន​ដ៏​អាថ៌​កំបាំង​ (esoteric teachings) មួយ​ចំនួន ទៅ​លើ​ប្រពៃណី​នៃ​ជំនឿ​បែប​​ពុទ្ធសាសនា​មហាយាន ។

គម្ពីរធម៌ក្នុងសាសនាមហាយាន

ដូច​ជា​ពុទ្ធសាសនា​និកាយ​ថេរវាទ​ (Theravāda Buddhism) ដែរ ពុទ្ធសាសនា​​និកាយ​មហាយាន​ (Mahāyāna Buddhism) ប្រើប្រាស់​សេចក្តី​បង្រៀន​ជា​មូលដ្ឋាន​ (basic teachings) របស់​ព្រះពុទ្ធ​សមណគោតម ដែល​​ត្រូវ​បាន​​កត់ត្រា​ទុក​តាំង​ពី​សម័យ​ដើម ធ្វើ​ជា​ចំណុច​ចាប់​ផ្តើម​​នៃ​សេចក្តី​បង្រៀន​របស់​ពួក​គេ ដូច​ជា​សេចក្តី​បង្រៀន​អំពី​ទ្រឹស្តី​​អំពី​កម្ម (karma, kamma) និង ការត្រឡប់​មក​ចាប់​កំណើត​វិញ (rebirth), ចតុរារិយសច្ច (Four Noble Truths), មជ្ឈិមបដិបទា (Middle Way) និង អដ្ឋង្គិកមគ្គ (Eightfold Path) ។ ទោះ​បី​សេចក្តី​បង្រៀន​ជា​មូលដ្ឋាន​របស់​ព្រះ​ពុទ្ធ​សមណគោតម​​ ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​គម្ពីរ​ជា​ភាសា​បាលី​ () និង ផ្សព្វផ្សាយ​បន្ត​ដោយ​​មនុស្ស​កាន់​តាម​និកាយ​ថេរវាទ​ក៏​ដោយ ក៏​ពុទ្ធសាសនិកជន​នៃ​និកាយ​មហាយាន​ បាន​កែប្រែ​សេចក្តី​បង្រៀន​ទាំង​នោះ​ជា​ច្រើន​អន្លើ​ ដែល​គេ​ស្គាល់​ថា អាគមៈ​ (Agama) ឬ​ អាគម (អានថា​ អាគុំ ប្រែ​ថា គម្ពីរ ឬ សេចក្តី​បង្រៀន) ដែល​​មាន​សេចក្តី​បង្រៀន​មួយ​ចំនួន​ធំ​ជាន់​គ្នា​ ជា​មួយ​នឹង​សេចក្តី​បង្រៀន​នៅ​ក្នុង​គម្ពីរ​ភាសា​បាលី ។ គម្ពីរ អាគមៈ ដែល​ត្រូវ​បាន​បក​ប្រែ​ជា​ភាសា​ចិន និង នៅ​សល់​ដល់​បច្ចុប្បន្ន​នេះ គឺ​ជា​គម្ពីរ​ដែល​ពុទ្ធសាសនិក​និកាយ​មហាយាន​ពីរ​ក្រុម​យក​ទៅ​សិក្សា ចំណែក​ឯ​គម្ពីរ​អាគមៈ​មួយ​ចំនួន​ធំ​​ មិន​ធ្លាប់​ត្រូវ​បាន​​បក​ប្រែ​ទៅ​ជា​ភាសា​ទីបីទេ ។​ ក្រៅ​ពី​ទទួល​យក​គម្ពីរ​ជាច្រើន​របស់​ពុទ្ធសាសនា​និកាយ​ថេរវាទ​ ធ្វើ​ជា​គម្ពីរ​សម្រាប់​សិក្សា​ប្រចាំ​និកាយ​របស់​ខ្លួន ពុទ្ធសាសនិកជន​នៃ​​ពុទ្ធសាសនា​និកាយ​មហាយាន ក៏​​រក្សា​ទុក​កម្រង​សូត្រ (គម្ពីរ)​ ជា​ច្រើន​ទៀត​ ដែល​​ពុទ្ធសាសនិកជន​នៃ​ពុទ្ធសាសនា​និកាយ​ថេរវាទ​ មិន​​ធ្លាប់​ប្រទះ ឬ មិន​ទទួល​ស្គាល់ ។ នៅ​ក្នុង​ពុទ្ធសាសនា​និកាយ​មហាយាន គម្ពីរ (សូត្រ) នៃ​មហាយាន ដើរ​តួ​សំខាន់​ជាង​​គម្ពីរ​ អាគមៈ ។ ទោះ​បី​ពុទ្ធសាសនិកជន​នៃ​ពុទ្ធសាសនា​និកាយ​មហាយាន​​អះអាង​ថា​គម្ពីរ​ទាំង​នោះ​ជា​​សេចក្តី​បង្រៀន​ពិត​ដែល​ព្រះ​ពុទ្ធ​សមណគោតម​បាន​សំដែង​ទុក​ក៏​ដោយ អ្នក​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន​​ជឿ​ថា គម្ពីរ​ទាំង​នោះ​ត្រូវ​បាន​ភិក្ខុ​ជាច្រើន​តាក់តែង​ឡើង ដោយ​សារ​​ពួក​ភិក្ខុ​ទាំង​នោះ​ត្រូវ​ការ​​ពោល​សារ​ជា​ថ្មី​​ឡើង​វិញ និង ផ្លាស់​ប្តូរ​​នូវ​គោលលទ្ធិ​​ទាំង​ឡាយ របស់​ពុទ្ធសាសនា​សម័យ​ដើម ។ អ្នក​និពន្ធ AK Warder នៃ​សៀវភៅ​ "Indian Buddhism" កំណែ​​លើក​ទី ៣ ត្រង់​ទំព័រ ៣៣៥ បាន​អះអាង​ថា "សម័យ​មួយ​បន្ទាប់​ពី​ការ​បង្កើត​ឡើង​នូវ​សាលា​រៀន​ឈ្មោះ បុវ៌សេលៈ (Purva Saila school) ឬ អបរសេលៈ និង ឧត្តរសេលៈ (ប្រហែល​ជា​បុព្វសេលៈ ឬ ភ្នំ​ខាង​កើត ឬ ភ្នំ​ថ្ងៃ​រះ) កាល​ពី​សតវត្ស​ទី ១ មុន​គ្រិស្តសករាជ ពួក​ភិក្ខុ​មួយ​ចំនួន​​មិន​ត្រឹម​តែ​ត្រូវការ​​ឲ្យ​មាន​ការ​បកស្រាយ​ជាថ្មី​នូវ​គម្ពីរ (សូត្រ)​ ច្បាប់​ដើម​ប៉ុណ្ណោះ​ទេ (ដូច​ជា អត្ថបទ​អភិធម្ម​របស់​សាលា​នោះ) ប៉ុន្តែ​​ពួក​ភិក្ខុ​ទាំង​នោះ​ថែម​ទាំង​ត្រូវ​ការ​សរសេរ​​ជា​ថ្មី​នូវ​គោល​លទ្ធិ​ជា​ច្រើន ។ នៅ​ក្នុង​គោលបំណង​នេះ ពួក​ភិក្ខុ​ទាំង​នោះ​បាន​ចាប់​សរសេរ​សាជាថ្មី​នូវ​គម្ពីរ (សូត្រ) ជាច្រើន ឬ សរសេរ​បន្ថែម​សូត្រ​ថ្មី​ៗ​​ច្រើន​ទៀត ។"

អ្នក​ស្រាវជ្រាវ​ជាច្រើន​ក៏​បាន​ជឿ​ដូច​គ្នា​ផង​ដែរ​ថា គម្ពីរ​ព្រះត្រៃបិដក​​ជា​ភាសា​បាលី​ មួយ​ភាគ​ធំ​ត្រូវ​បាន​កែប្រែ ឬ សរសេរ​បន្ថែម ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ អ្នក​ស្រាវជ្រាវ​ទាំង​នោះ​មិន​មាន​ទស្សនៈ​ដូច​គ្នា​ទេ​ នៅ​ត្រង់​ចំណុច​ថា តើ​មាន​ការកែប្រែ​ប៉ុន្មាន​ភាគ និង នៅ​ត្រង់​សៀវភៅ​ណា​ ។

ភស្តុតាង​លើ​សិលាចារិកសម្រាប់​អះអាង​ដើម​កំណើត​នៃ​និកាយ​មហាយាន

សិលាចារិក​ដំបូងៗ​ ដែល​មាន​ព័ត៌មាន​រៀបរាប់​ អំពី​ការស្ថាបនា​​គោលលទ្ធិ​​ របស់​ពុទ្ធសាសនា​និកាយ​មហាយាន និង ការ​និយាយ​យោង​ទៅដល់​តួអង្គ​ព្រះពុទ្ធ​ អមិតាភៈ​ (Buddha Amitabha) ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ឧបទ្វីប​ឥណ្ឌា នៅ​ក្រុង​មធុរា (Mathura) (រដ្ឋ​ឧត្តរប្រទេស នៃ​ប្រទេស​ឥណ្ឌា​បច្ចុប្បន្ន) ដែល​​បាន​ចាប់​ផ្តើម​តាំង​ពី​ឆ្នាំ ១៨០ នៃ​គ្រិស្តសករាជ ។ នៅ​ឯ​សារមន្ទីរ​ក្រុង​មធុរា (Mathura Museum) សំណល់​​នៃ​បំណែក​រូបសំណាក​ព្រះពុទ្ធ​ មាន​សិលាចារិក​អក្សរ​ព្រាហ្មី (Brahmi) ដែល​សរសេរ​ថា ៖ "បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ២៨ នៃ​ការ​គ្រង​រាជ្យ​របស់​ស្តេច​ ហ៊ុវិស្កា (Huvishka), ... ដើម្បី​បូជា​ដល់​ព្រះពុទ្ធ​ អមិតាភៈ ។"

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ រូបភាព​នេះ​មិន​តំណាង​ឲ្យ​ផ្នត់​គំនិត​របស់​មនុស្ស​ភាគ​ច្រើន ជា​ពិសេស​នៅ​ក្នុង​បរិបទ​នៃ​ពុទ្ធសាសនា​នៅ​ប្រទេស​ឥណ្ឌា រូបភាព​នេះ​ត្រូវ​បាន​គេ​មិន​រាប់រក​នៅ​សម័យកាល​នោះ ហើយ​វា​ក៏​គ្មាន​ឥទ្ធិពល​អ្វី​ជា​ដុំកំភួន​ឡើយ ។

ភស្តុតាង​ផ្នែក​សិលាចារិក​សម្រាប់​និកាយ​មហាយាន នៅ​សម័យកាល​មុន​សតវត្ស​ទី ៥ មាន​ចំនួន​តិចតួច​បំផុត បើ​ប្រៀបធៀប​ជា​មួយ​នឹង​អត្ថបទ​ដ៏​ច្រើន​សន្ធឹក​នៃ​និកាយ​មហាយាន ដែល​ត្រូវ​បាន​ចម្លង​បញ្ជូន​ពី​តំបន់​អាស៊ី​កណ្តាល ទៅ​កាន់​ប្រទេស​ចិន នៅ​សម័យ​នោះ ។


ពុទ្ធប្រវត្តិ

ពុទ្ធសាសនា​និកាយ​ថេរវាទ ឬហិនយាន

ព្រះពុទ្ធសាសនា


Post a Comment

0 Comments